|
|
comments (0)
|
ទំព័រដើម
www.khmer.rfi.fr
មូលហេតុ ដែលបណ្តាលឲ្យផ្ទុះសង្រ្គាមលោកលើកទីមួយ នៅឆ្នាំ១៩១៤ មានឫសគល់ពីបញ្ហាយ៉ាងច្រើន ដែលកើតមានឡើងតាំងពីរាប់សិបឆ្នាំមុន ដូចជា សង្រ្គាមរវាងបារាំង និងព្រុស្ស៊ី នៅឆ្នាំ១៨៧០-១៨៧១ ការលេចមុខនៃចក្រភពអាល្លឺម៉ង់ ដែលមានមហិច្ឆតាចង់ក្លាយជាប្រទេសមហាអំណាចអាណានិគម ប្រជែងជាមួយនឹងមហាអំណាចអឺរ៉ុបផ្សេងៗទៀត ការងើបឡើងនៃចលនាជាតិនិយម នៅតាមបណ្តាប្រទេសនៅអឺរ៉ុប ការប្រជែងសព្វាវុធ រវាងអាល្លឺម៉ង់ និងអង់គ្លេស ព្រមទាំងការបង្កើតសម្ព័ន្ធមិត្តយ៉ាងប្រទាក់ក្រឡា រវាងប្រទេសដែលជាគូប្រជែង។
ក៏ប៉ុន្តែ ហេតុការណ៍ ដែលជាឆ្នួនដុតបញ្ឆេះសង្រ្គាម គឺកើតចេញពីការលបធ្វើឃាតព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ ដែលជាទាយាទរបស់ចក្រភពអូទ្រីសហុងគ្រី នៅទីក្រុងសារ៉ាយេវ៉ូ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩១៤។ សារ៉ាយេវ៉ូ គឺជាទីក្រុងរបស់បូស្នី ដែលចក្រភពអូទ្រីសហុងគ្រីកាត់យកពីចក្រភពអូតូម៉ង់មកដាក់ជាខេត្តរបស់ខ្លួន ក្រោមក្រសែរភ្នែកក្តៅក្រហាយរបស់ស៊ែរប៊ី។
ដោយសារតែឃាតកម្មទៅលើព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ត្រូវបានធ្វើឡើង ដោយក្រុមអ្នកជាតិនិយមស៊ែរប៊ី អូទ្រីសហុងគ្រី ក៏ដូចជាបណ្តាប្រទេសជាច្រើនផ្សេងទៀត នៅពេលនោះ នាំគ្នាទម្លាក់ការទទួលខុសត្រូវទៅលើប្រទេសស៊ែរប៊ី ហើយអូទ្រីសហុងគ្រី ដែលកំពុងតែមានជម្លោះជាមួយស៊ែរប៊ីស្រាប់ ក៏ចង់ឆ្លៀតយកហេតុការណ៍នេះមកធ្វើជាលេស ដើម្បីកម្ចាត់ស៊ែរប៊ី ដែលគូប្រជែង និងឈានទៅលុបបំបាត់ជាស្ថាពរ នូវបញ្ហាជាតិនិយមនៅបូស្នី។
ក៏ប៉ុន្តែ ដោយសារតែស៊ែរប៊ីមានរុស្ស៊ីជាខ្នងបង្អែក ទើបអូទ្រីសហុងគ្រីមិនហ៊ានប្រកាសសង្រ្គាមលើស៊ែរប៊ីភ្លាមៗ ដោយរង់ចាំការធានាពីអាល្លឺម៉ង់ថានឹងចេញមុខមកជួយអូទ្រីសហុងគ្រី ក្នុងករណីមានអន្តរាគមន៍យោធារបស់រុស្ស៊ី ស្របទៅតាមកិច្ចព្រមព្រៀងសម្ព័ន្ធភាពដែលបានចុះកាលពីមុន។
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩១៤ ក្រោយពីបានទទួលនូវការធានាពីអធិរាជអាល្លឺម៉ង់ ចក្រភពអូទ្រីសហុងគ្រីក៏បានផ្ញើលិខិតផ្លូវការមួយ ដោយដាក់ឱសានវាទតែ ៤៨ម៉ោងប៉ុណ្ណោះ ឲ្យស៊ែរប៊ីបំពេញតាមលក្ខខណ្ឌ ១០ចំណុច ដែលក្នុងចំណោមនោះ មានចំណុចខ្លះពិបាកនឹងបំពេញក្នុងរយៈពេលដ៏ខ្លីត្រឹម ៤៨ម៉ោង ហើយចំណុចខ្លះទៀត គឺជាលក្ខខណ្ឌ ដែលស៊ែរប៊ី ក្នុងនាមជារដ្ឋអធិបតេយ្យ មិនអាចនឹងបំពេញតាមបាន។ តាមការពិត ការដាក់ឱសានវាទនេះ គ្រាន់តែជាការធ្វើ ដើម្បីបង្រ្គប់កិច្ចតែប៉ុណ្ណោះ។ អូទ្រីសហុងគ្រីបានសម្រេចចិត្តរួចទៅហើយថានឹងប្រកាសសង្រ្គាមទៅលើស៊ែរប៊ី។
នៅថ្ងៃទី២៥ កក្កដា រដ្ឋាភិបាលស៊ែរប៊ីបានឆ្លើយតបទៅនឹងឱសានវាទរបស់អូទ្រីសហុងគ្រី ដោយបានសន្យាបំពេញតាមលក្ខខណ្ឌស្ទើរតែទាំងអស់ លើកលែងតែលក្ខខណ្ឌខ្លះ ដែលស៊ែរប៊ីមិនអាចធ្វើតាមបាន ដោយសារតែវាធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យរបស់ស៊ែរប៊ី។ ក៏ប៉ុន្តែ អូទ្រីសហុងគ្រីមិនសុខចិត្ត ក៏បានប្រកាសសង្រ្គាមលើស៊ែរប៊ី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩១៤។
ដោយសារតែមានការចុះសម្ព័ន្ធភាពប្រទាក់ក្រឡាគ្នា កាលពីមុន សង្រ្គាម រវាងអូទ្រីសហុងគ្រី និងស៊ែរប៊ី បានរាលដាលបន្តិចម្តងៗ ទៅកាន់ប្រទេសផ្សេងៗទៀត។
ក្រោយពីអូទ្រីសហុងគ្រីប្រកាសសង្រ្គាមលើស៊ែរប៊ី ចក្រភពរុស្ស៊ីបានចាប់ផ្តើមកេណ្ឌកងទ័ព ដើម្បីត្រៀមចូលជួយស៊ែរប៊ី ដែលជាសម្ព័ន្ធមិត្ត។ ឃើញបែបនេះ អាល្លឺម៉ង់ក៏បានចាប់ផ្តើមកេណ្ឌកងទ័ពរបស់ខ្លួនដែរ ហើយក្នុងពេលជាមួយគ្នា អាល្លឺម៉ង់បានប្រកាសដាក់ឱសានវាទ ១២ម៉ោង ឲ្យរុស្ស៊ីបញ្ឈប់ការត្រៀមខ្លួនធ្វើសង្រ្គាមជួយស៊ែរប៊ី។ ដោយមិនបានទទួលចម្លើយវិជ្ជមានពីរុស្ស៊ី អាល្លឺម៉ង់ក៏បានប្រកាសសង្រ្គាមលើរុស្ស៊ី នៅថ្ងៃទី១ ខែសីហា។
អាល្លឺម៉ង់ក៏បានទាមទារផងដែរឲ្យបារាំងប្រកាសជំហរអព្យាក្រឹត្យ ក្នុងសង្រ្គាម រវាងអាល្លឺម៉ង់ និងរុស្ស៊ី។ ក៏ប៉ុន្តែ បារាំងបដិសេធ ដោយប្រាប់ទៅអាល្លឺម៉ង់វិញថា បារាំងនឹងធ្វើអ្វីៗ ដែលស្របនឹងផលប្រយោជន៍ជាតិរបស់បារាំង។ នៅថ្ងៃទី៣ សីហា អាល្លឺម៉ង់ក៏បានប្រកាសសង្រ្គាមលើបារាំង ហើយមួយថ្ងៃក្រោយមក អង់គ្លេស ដែលជាសម្ព័ន្ធមិត្តរបស់បារាំង ក៏បានប្រកាសសង្រ្គាមលើអាល្លឺម៉ង់វិញដែរ។
ជប៉ុនវិញ ដែលជាប់ក្នុងកិច្ចព្រមព្រៀងសម្ព័ន្ធភាពជាមួយអង់គ្លេស បានប្រកាសសង្រ្គាមលើអាល្លឺម៉ង់ និងអូទ្រីសហុងគ្រី នៅថ្ងៃទី២៣ និង២៥សីហា។
អាល្លឺម៉ង់បានចាប់ផ្តើមធ្វើសង្រ្គាម ដោយវាយលុកជាពីរមុខព្រួញ ក្នុងពេលតែមួយ គឺវាយលុកចូលឈ្លានពានប្រទេសបារាំង នៅទិសខាងលិច និងទប់ទល់នឹងកងទ័ពរបស់រុស្ស៊ីមកពីទិសខាងកើត។
នៅថ្ងៃទី៤ សីហា កងទ័ពអាល្លឺម៉ង់បានចាប់ផ្តើមវាយលុកចូលក្នុងប្រទេសប៊ែលហ្ស៊ិក សំដៅចាក់ចុះមកប្រទេសបារាំង តាមទិសខាងជើង។ កងទ័ពបារាំងវិញបានចាប់ផ្តើមវាយលុកលើអាល្លឺម៉ង់ នៅទិសខាងកើត ក្នុងគោលដៅដណ្តើមយកតំបន់ Alsace-Laurraine ដែលអាល្លឺម៉ង់កាត់យកពីបារាំង កាលពីពេលបារាំងចាញ់សង្រ្គាម នៅឆ្នាំ១៨៧១។ ក៏ប៉ុន្តែ កងទ័ពបារាំងត្រូវកងទ័ពអាល្លឺម៉ង់វាយបកឲ្យដកថយក្រោយវិញ។ នៅខាងជើងឯណោះវិញ កងទ័ពអាល្លឺម៉ង់បានឆ្លងផុតប៊ែលហ្ស៊ិក ហើយវាយលុកចូលក្នុងប្រទេសបារាំង សំដៅមកក្រុងប៉ារីស។
មកត្រឹមប្រមាណជា ៧០គីឡូម៉ែត្រពីប៉ារីស កងទ័ពអាល្លឺម៉ង់ត្រូវបានកងទ័ពបារាំង ដែលពេលនោះមានជំនួយពីកងទ័ពអង់គ្លេស វាយទប់ជាប់លែងអាចរុលទៅមុខទៀតបាន។ នៅពេលនោះហើយ ដែល “សង្រ្គាមលេណដ្ឋាន” បានចាប់ផ្តើមឡើង ពោលគឺ គូបដិបក្ខទាំងសងខាងបាននាំគ្នាជីកលេណដ្ឋានទល់មុខគ្នា ហើយធ្វើការវាយឆ្មក់ និងបាញ់ផ្លោងដាក់គ្នាចេញពីក្នុងលេណដ្ឋាន។
“សង្រ្គាមលេណដ្ឋាន” នេះ (ដែលគេហៅតាមភាសាបារាំងថា “Guerre de tranchées”
បានអូសបន្លាយពេលចំនួន ៣ឆ្នាំ ពោលគឺ ស្ទើរតែពេញក្នុងអំឡុងសង្រ្គាមលោកលើកទី១ ហើយវាបានបង្កនូវការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត ដល់ភាគីទាំងសងខាង។ នៅក្នុងសមរភូមិនីមួយៗ ទាហានរហូតទៅដល់រាប់សែន ឬរហូតដល់លាននាក់ ទាំងខាងបារាំង និងខាងអាល្លឺម៉ង់ ត្រូវបាត់បង់ជីវិត ហើយរាប់លាននាក់ផ្សេងទៀតត្រូវរងរបួស៕
|
|
comments (0)
|
ទំព័រដើម
www.khmer.rfi.fr
រហូតមកទល់នឹងពេលនេះ ១០០ឆ្នាំគត់ ដែលសង្រ្គាមលោកលើកទី១បានចាប់ផ្ទុះឡើង ក៏ប៉ុន្តែ មូលហេតុដែលនាំឲ្យផ្ទុះសង្រ្គាមនេះ នៅតែជារឿងចម្រូងចម្រាស ក្នុងចំណោមអ្នកប្រវត្តិសាស្រ្ត។
ការធ្វើឃាតព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ នៃចក្រភពអូទ្រីសហុងគ្រី នៅទីក្រុងសារ៉ាយេវ៉ូ នៅខែមិថុនា ឆ្នាំ១៩១៤ គឺជាឆ្នួនដែលដុតបញ្ឆេះសង្រ្គាម ក៏ប៉ុន្តែ ដើមឫសនៃជម្លោះបានកើតមានឡើងតាំងពីរាប់សិបឆ្នាំមុនម៉្លេះ ដោយដុះពន្លកចេញពីការប្រកួតប្រជែងគ្នា រវាងប្រទេសមហាអំណាចអឺរ៉ុប និងការផ្ទុះឡើងនៃចលនាជាតិនិយម នៅតាមបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប។
សង្រ្គាមបារាំង-អាល្លឺម៉ង់ ១៨៧០-១៨៧១
ផ្កាភ្លើងនៃសង្រ្គាមលោកលើកទី១បានចាប់ផ្តើមលេចឡើង តាំងពីឆ្នាំ១៨៧១ គឺចេញពីសង្រ្គាម រវាងអាល្លឺម៉ង់ និងបារាំង។ អាល្លឺម៉ង់ដែលឈ្នះសង្រ្គាមបានបង្រួបបង្រួមប្រទេសបង្កើតជាចក្រភពថ្មីមួយ ដែលមានមហិច្ឆតាចង់ក្លាយជាមហាអំណាចប្រជែងជាមួយនឹងមហាអំណាចផ្សេងទៀតនៅអឺរ៉ុប។ បារាំងវិញ ដែលចាញ់សង្រ្គាម ត្រូវបានអាល្លឺម៉ង់កាត់យកទឹកដីនៃតំបន់ Alsace-Laurraine យកទៅកាន់កាប់។ ប្រជាជនបារាំង ដែលណាមួយទទួលរងនូវភាពអាម៉ាស់នឹងបរាជ័យផ្នែកយោធា និងណាមួយទៀត ខឹងនឹងការបាត់បង់ទឹកដី ក៏បានចិញ្ចឹមចិត្តរង់ចាំតែឱកាស ដើម្បីសងសឹកនឹងអាល្លឺម៉ង់វិញ។
គំនុំគំគួន ការមិនទុកចិត្តគ្នា និងការប្រណាំងប្រជែងគ្នាដណ្តើមដែនដីអាណានិគម បានជំរុញឲ្យបណ្តាប្រទេសនៅអឺរ៉ុបនាំគ្នាខិតខំពង្រឹងកម្លាំងទ័ពរៀងៗខ្លួនផង និងព្យាយាមចងសម្ព័ន្ធមិត្តយ៉ាងប្រទាក់ក្រឡាគ្នាផង ដើម្បីជាបង្អែកទុកបង្កាក្នុងករណីមានសង្រ្គាមផ្ទុះឡើង។ បារាំងបានទៅបង្កើតសម្ព័ន្ធភាពត្រីភាគីជាមួយអង់គ្លេស និងរុស្ស៊ី។ ចំណែកអាល្លឺម៉ង់វិញបានបង្កើតជាសម្ព័ន្ធមិត្តជាមួយនឹងចក្រភពអូទ្រីសហុងគ្រី និងអ៊ីតាលី។
វិបត្តិបូស្នី ១៩០៨-១៩០៩
នៅក្នុងពេលជាមួយគ្នានោះ បញ្ហានៅតំបន់បាល់កង់បានកើតឡើងកាន់តែខ្លាំង ក្រោយពីចក្រភពអូតូម៉ង់បានធ្លាក់ចុះដុនដាប ហើយបណ្តារដ្ឋដែលធ្លាប់ជាផ្នែកមួយនៃចក្រភពអូតូម៉ង់បាននាំគ្នាប្រកាសឯករាជ្យជាបន្តបន្ទាប់។ ស្ថិតក្នុងស្ថានភាពបែបនេះ បណ្តាប្រទេសនៅក្នុង និងនៅក្បែរតំបន់បាល់កង់ បានប្រណាំងប្រជែងគ្នាដណ្តើមត្រួតត្រាប្រទេស ដែលជាអតីតដែនដីរបស់ចក្រភពអូតូម៉ង់។
នៅឆ្នាំ១៩០៨ ចក្រភពអូទ្រីសហុងគ្រីបានប្រកាសកាត់យកដែនដីបូស្នី ដែលជាអាណាខេត្តមួយរបស់ចក្រភពអូតូម៉ង់ មកធ្វើជាដែនដីរបស់ខ្លួន។ ទង្វើនេះបានបង្កឲ្យមានការតវ៉ាយ៉ាងខ្លាំងពីសំណាក់ស៊ែរប៊ី ដែលមានព្រំដែនជាប់នឹងបូស្នី មានភាសា និងអម្បូរប្រជាជនដូចបូស្នី ហើយធ្លាប់ជាប្រទេសមួយក្នុងចក្រភពអូតូម៉ង់ជាមួយបូស្នី។ ចំណែករុស្ស៊ីវិញ ដែលជាសម្ព័ន្ធមិត្តរបស់ស៊ែរប៊ី ក៏បានចេញមុខតវ៉ានឹងការកាត់យកទឹកដីបូស្នី ដោយអូទ្រីសហុងគ្រីនេះដែរ។
វិបត្តិនៅបូស្នី បានធ្វើឲ្យជម្លោះ រវាងអូទ្រីសហុងគ្រី និងរុស្ស៊ី ឈានដល់ដំណាក់កាលមួយ ដែលមិនអាចផ្សះផ្សាគ្នាបាន ហើយជម្លោះនេះរាលដាលកាន់តែខ្លាំងឡើងថែមទៀត នៅពេលដែលសង្រ្គាម នៅតំបន់បាល់កង់ បានផ្ទុះឡើង នៅឆ្នាំ១៩១២ និងឆ្នាំ១៩១៣។
សង្រ្គាមបាល់កង់ ១៩១២-១៩១៣
នៅឆ្នាំ១៩១២ ពីរឆ្នាំមុនសង្រ្គាមលោកលើកទី១ ប្រទេសចំនួន ៤ ដែលសុទ្ធតែធ្លាប់ជាអតីតដែនដីក្នុងចក្រភពអូតូម៉ង់ដូចគ្នា គឺ ស៊ែរប៊ី ក្រិក ម៉ុងតេណេហ្គ្រោ និងប៊ុលហ្ការី បានចងសម្ព័ន្ធភាពយោធានឹងគ្នា ដែលគេឲ្យឈ្មោះថា "បក្សសម្ព័ន្ធបាល់កង់" ដើម្បីប្រយុទ្ធតទល់នឹងចក្រភពអូតូម៉ង់។ ក្នុងរយៈពេលតែប៉ុន្មានខែ ក្រុមបក្សសម្ព័ន្ធបាល់កង់ក៏បានយកជ័យជម្នះ ដោយបានដណ្តើមយកដែនដីជាច្រើនរបស់ចក្រភពអូតូម៉ង់មកកាន់កាប់។ ក៏ប៉ុន្តែ មិនយូរប៉ុន្មានសង្រ្គាមមួយទៀតក៏បានផ្ទុះឡើង ដោយម្តងនេះ ជាសង្រ្គាមរវាងប្រទេសក្នុងបក្សសម្ព័ន្ធបាល់កង់គ្នាឯង គឺរវាងម្ខាង ប៊ុលហ្ការី និងម្ខាងទៀត ស៊ែរប៊ី និងក្រិក។ សង្រ្គាមនេះបានផ្ទុះឡើងដោយមកពីជម្លោះ ក្នុងការបែងចែកដែនដី ដែលពួកគេដណ្តើមបានពីចក្រភពអូតូម៉ង់។
ក្រោយពីសង្រ្គាមនៅបាល់កង់បានបញ្ចប់ទៅ នៅខែសីហា ឆ្នាំ១៩១៣ ស៊ែរប៊ីបានក្លាយជាប្រទេសដែលមានកម្លាំងយោធាខ្លាំងជាងគេបំផុត នៅក្នុងតំបន់បាល់កង់ ហើយតុល្យភាពអំណាច នៅបាល់កង់ ក៏បានផ្អៀងទៅរករុស្ស៊ី ដែលជាហេតុធ្វើឲ្យអូទ្រីសហុងគ្រីមិនសប្បាយចិត្ត ហើយមានគំនិតចង់ចាត់វិធានការគ្រប់យ៉ាង ដើម្បីទប់ស្កាត់ស៊ែរប៊ី កុំឲ្យបង្កើនអំណាចនៅបាល់កង់តទៅទៀត។
ការធ្វើឃាតព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ ទាយាទនៃចក្រភពអូទ្រីសហុងគ្រី
ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩១៤ ព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ (Franz Ferdinand) ទាយាទរបស់ចក្រភពអូទ្រីសហុងគ្រី បានធ្វើដំណើរតាមរថភ្លើងមកដល់ទីក្រុងសារ៉ាយេវ៉ូ រដ្ឋធានីរបស់បូស្នី។ បូស្នី ដែលអូទ្រីសហុងគ្រីបានកាត់ពីចក្រភពអូតូម៉ង់មកធ្វើជាខេត្តរបស់ខ្លួន កាលពីឆ្នាំ១៩០៨ ក្រោមក្រសែភ្នែកក្តៅក្រហាយរបស់ស៊ែរប៊ី។
ក្រុមយុវជនជាតិនិយមស៊ែរប៊ី ៧នាក់ ដែលមានការជួយជ្រោមជ្រែងពីក្រុមភេរវជនស៊ែរប៊ី បានរៀបគម្រោងការណ៍លបធ្វើឃាតព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ ដោយបានពង្រាយគ្នា នៅតាមបណ្តោយផ្លូវ ដែលក្បួនរថយន្តរបស់ព្រះអង្គត្រូវឆ្លងកាត់។
ព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ ថ្វីដ្បិតតែដឹងថា ដំណើរទៅកាន់ទីក្រុងសារ៉ាយេវ៉ូ ជាដំណើរប្រកបដោយគ្រោះថ្នាក់ ក៏ប៉ុន្តែ នៅតែជម្នះជិះក្នុងរថយន្តបើកដំបូល ដើម្បីចង់បង្ហាញពីភាពស្និទ្ធស្នាលដល់ប្រជារាស្រ្ត នៅទីនោះ។
នៅម៉ោងប្រមាណជា ១០ព្រឹក នៅពេលក្បួនរថយន្តរបស់ព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់បើកមកដល់ ឃាតកម្នាក់ក៏បានគប់គ្រាប់បែកសំដៅទៅលើរថយន្តរបស់ព្រះអង្គ។ ក៏ប៉ុន្តែ គ្រាប់បែកបានធ្លាក់ខុសគោលដៅ ដោយផ្ទុះត្រូវរថយន្តដែលបើកពីក្រោយ។ អ្នកបើកបរក៏បានបើករត់ ហើយនាំព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ ទៅកាន់សាលាក្រុងសារ៉ាយេវ៉ូ។ ចំណែកឃាតកវិញ បានព្យាយាមសម្លាប់ខ្លួនឯង ក៏ប៉ុន្តែ មិនបានសម្រេច ហើយក៏ត្រូវប៉ូលិសចាប់ខ្លួនបាន។
នៅសាលាក្រុង ព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់បានចូលរួមក្នុងពិធីផ្លូវការ ដែលបានគ្រោងទុកពីមុនជាធម្មតា ក៏ប៉ុន្តែ ក្រោយចប់ពិធី ព្រះអង្គបានសម្រេចលុបចោលកម្មវិធីដែលគ្រោងទុកផ្សេងទៀត ដើម្បីយាងទៅសួរសុខទុក្ខអ្នករបួស ដោយគ្រាប់បែក កាលពីព្រឹក ហើយដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យសារ៉ាយេវ៉ូ។
នៅតាមផ្លូវពីសាលាក្រុងទៅមន្ទីរពេទ្យ ព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ និងមហេសី គឺម្ចាស់ក្សត្រិយសូហ្វ៊ី (Sophie) ត្រូវបានឃាតកម្នាក់ទៀតបាញ់សម្លាប់។
ចក្រភពអូទ្រីសហុងគ្រីបានទម្លាក់ការទទួលខុសត្រូវនៃការធ្វើឃាតព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ ទៅលើរដ្ឋាភិបាលស៊ែរប៊ី។ អូទ្រីសហុងគ្រីក៏បានប្រកាសសង្រ្គាមលើស៊ែរប៊ី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩១៤។ ដោយសារតែការចងសម្ព័ន្ធមិត្តគ្នាយ៉ាងប្រទាក់ក្រឡា នៅក្នុងចំណោមប្រទេសមហាអំណាចនៅអឺរ៉ុប សង្រ្គាមទ្វេភាគី រវាងអូទ្រីសហុងគ្រី និងស៊ែរប៊ី ក៏បានរាលដាលទៅដល់ប្រទេសមហាអំណាចអឺរ៉ុបផ្សេងទៀត រួមមាន អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស បារាំង និងរុស្ស៊ី៕